31 ដូច្នេះ តើយើងនិយាយយ៉ាងដូចម្ដេចចំពោះសេចក្ដីទាំងនេះ? បើព្រះជាម្ចាស់នៅខាងយើង តើអ្នកណាទាស់ជាមួយយើងបាន?
32 ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះរាជបុត្រារបស់ព្រះអង្គ ដែលព្រះអង្គបានបញ្ជូនមកសម្រាប់យើងទាំងអស់គ្នា តើព្រះអង្គនឹងមិនប្រោសប្រទានអ្វីៗទាំងអស់ដល់យើងជាមួយព្រះរាជបុត្រាដែរទេឬ?
33 តើអ្នកណានឹងចោទប្រកាន់ពួកអ្នកដែលព្រះជាម្ចាស់ជ្រើសរើសបាន? ដ្បិតព្រះជាម្ចាស់គឺជាអ្នកដែលរាប់ពួកគេជាសុចរិត។
34 តើអ្នកណាជាអ្នកដាក់ទោសគេ? ដ្បិតព្រះគ្រិស្ដយេស៊ូបានសោយទិវង្គត ហើយលើសពីនេះបានរស់ឡើងវិញទៀត ព្រមទាំងគង់នៅខាងស្ដាំព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ព្រះអង្គជាអ្នកទូលអង្វរជំនួសយើងទៀតផង។
35 តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដបាន? តើជាសេចក្ដីវេទនា សេចក្ដីលំបាក ការបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬក៏ដាវ?
36 ដូចមានសេចក្ដីចែងទុកថា៖ «ដោយព្រោះព្រះអង្គ យើងបានប្រឈមមុខចំពោះសេចក្ដីស្លាប់វាល់ព្រឹកវាល់ល្ងាច ដូចជាចៀមដែលត្រូវយកទៅសម្លាប់»។
37 ប៉ុន្ដែទោះបីនៅក្នុងសេចក្ដីទាំងនេះក៏ដោយ ក៏យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀតតាមរយៈព្រះអង្គដែលស្រឡាញ់យើង។