រ៉ូម 8:6-12 KCB

6 ព្រោះ​គំនិត​ខាង​សាច់ឈាម​នាំ​ទៅ​រក​សេចក្ដី​ស្លាប់​ ឯ​គំនិត​ខាង​ព្រះវិញ្ញាណ​នាំ​ទៅ​រក​ជីវិត​ និង​សេចក្ដី​សុខសាន្ត។​

7 ដ្បិត​គំនិត​ខាង​សាច់ឈាម​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ ព្រោះ​មិន​ចុះចូល​ជាមួយ​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ គឺ​មិន​អាច​ចុះចូល​បាន​ផង។​

8 ឯ​អស់​អ្នក​នៅ​ខាង​សាច់ឈាម​ក៏​មិន​អាច​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​បាន​ដែរ។​

9 អ្នក​រាល់គ្នា​មិន​នៅ​ខាង​សាច់ឈាម​ទេ​ គឺ​នៅ​ខាង​ព្រះវិញ្ញាណ​វិញ​ ពីព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ ផ្ទុយ​ទៅ​វិញ​អ្នកណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះគ្រិស្ត​ទេ​

10 ហើយ​បើ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ ទោះជា​រូបកាយ​របស់​អ្នក​រាល់គ្នា​ស្លាប់​ដោយសារ​បាប​ក៏ដោយ​ ក៏​វិញ្ញាណ​នៅ​មាន​ជីវិត​ដោយសារ​សេចក្ដី​សុចរិត​ដែរ​

11 ហើយ​បើ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ឡើង​វិញ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ នោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ ​នឹង​ប្រោស​រូបកាយ​ដែល​តែងតែ​ស្លាប់​របស់​អ្នក​រាល់គ្នា​ឲ្យ​រស់​ឡើង​វិញ​មិន​ខាន​ដែរ​ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា។​

12 ដូច្នេះ​ បងប្អូន​អើយ!​ យើង​ជំពាក់​ ប៉ុន្ដែ​មិន​មែន​ជំពាក់​ចំពោះ​សាច់ឈាម​ ដើម្បី​រស់នៅ​តាម​សាច់ឈាម​នោះ​ទេ​