17 ទុង ក្អែកទឹក ស្មោញ
18 កុក ក្រសារ និងពពួកសត្វប្រភេទនេះ ព្រមទាំងត្រសេះ និងប្រចៀវ។
19 អ្នករាល់គ្នាត្រូវចាត់ទុកសត្វល្អិតដែលមានស្លាបទាំងអស់ ជាសត្វមិនបរិសុទ្ធ គឺមិនត្រូវបរិភោគឡើយ។
20 អ្នករាល់គ្នាបរិភោគបានតែសត្វស្លាបណាដែលបរិសុទ្ធ។
21 មិនត្រូវបរិភោគសាច់សត្វ ដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នាបរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
22 «រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចម្ការរបស់អ្នកចំនួនមួយភាគដប់ ទុកជាតង្វាយ។
23 ត្រូវបរិភោគតង្វាយមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យអ្នករៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករហូតតទៅ។