1 «ប្រាំពីរឆ្នាំម្ដង អ្នកត្រូវតែលុបបំណុល។
2 ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងព្រះអម្ចាស់ ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។
3 អ្នកអាចទាមទារឲ្យជនបរទេសសងប្រាក់ តែត្រូវលុបបំណុលឲ្យបងប្អូន ដែលជាជនរួមជាតិរបស់អ្នក។
4 ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានជនក្រីក្រឡើយ ដ្បិតព្រះអម្ចាស់នឹងប្រទានពរអ្នកយ៉ាងបរិបូណ៌ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នកកាន់កាប់ទុកជាចំណែកមត៌ក។
5 ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ។
6 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក។ អ្នកអាចចងការប្រាក់ឲ្យប្រជាជាតិជាច្រើន តែអ្នកមិនត្រូវខ្ចីប្រាក់ពីពួកគេទេ អ្នកនឹងត្រួតត្រាលើប្រជាជាតិជាច្រើន តែពួកគេនឹងមិនត្រួតត្រាលើអ្នកឡើយ។