6 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក។ អ្នកអាចចងការប្រាក់ឲ្យប្រជាជាតិជាច្រើន តែអ្នកមិនត្រូវខ្ចីប្រាក់ពីពួកគេទេ អ្នកនឹងត្រួតត្រាលើប្រជាជាតិជាច្រើន តែពួកគេនឹងមិនត្រួតត្រាលើអ្នកឡើយ។
7 ក្នុងបណ្ដាក្រុងនៃស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។
8 ផ្ទុយទៅវិញ ត្រូវជួយគាត់ ដោយឲ្យខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។
9 ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរជាឆ្នាំដែលត្រូវលុបបំណុលកាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់ទូលព្រះអម្ចាស់ ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។
10 ចូរជូនប្រាក់ទៅគាត់ដោយមិនទើសទាល់ ដ្បិតធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
11 នៅក្នុងស្រុកតែងតែមានអ្នកក្រជានិច្ច ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នក ឲ្យមានចិត្តទូលាយដល់បងប្អូនរបស់អ្នក ដែលក្រីក្រ កំសត់ ទុគ៌ត នៅក្នុងស្រុក»។
12 «ប្រសិនបើមានបងប្អូនរបស់អ្នក ដែលជាជនជាតិហេប្រឺ ទោះបីប្រុស ឬស្រីក្ដី មកលក់ខ្លួនឲ្យអ្នក ត្រូវឲ្យគេនៅបម្រើអ្នកប្រាំមួយឆ្នាំ។ លុះដល់ឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេឲ្យទៅវិញចុះ។