11 ត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស ទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមព្រះអង្គ។
12 ត្រូវចងចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកាន់ និងប្រតិបត្តិតាមច្បាប់ទាំងនេះ»។
13 «ពេលណាអ្នកបោកបែនស្រូវ និងជាន់ផ្លែទំពាំងបាយជូររួចរាល់ហើយ ចូរប្រារព្ធពិធីបុណ្យបារាំ* ចំនួនប្រាំពីរថ្ងៃ។
14 ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។
15 ត្រូវប្រារព្ធពិធីបុណ្យនេះចំនួនប្រាំពីរថ្ងៃ ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរឲ្យអ្នកទទួលភោគផលច្រើន ហើយប្រទានពរអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ អ្នកនឹងមានអំណរឥតឧបមា។
16 បីដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យនំប៉័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ត្រូវឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស។ ប៉ុន្តែ មិនត្រូវទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយដៃទទេឡើយ។
17 ម្នាក់ៗត្រូវយកតង្វាយទៅជាមួយ តាមតែខ្លួនអាចធ្វើបាន ដោយគិតតាមភោគផលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ»។