10 ចូរធ្វើតាមការវិនិច្ឆ័យដែលលោកទាំងនោះប្រាប់អ្នក នៅកន្លែងព្រះអម្ចាស់ជ្រើសរើស។ ចូរធ្វើតាមពាក្យដែលពួកលោកណែនាំឲ្យបានឥតខ្ចោះ។
11 ចូរធ្វើឲ្យត្រឹមត្រូវតាមក្រឹត្យវិន័យ ដែលលោកទាំងនោះណែនាំ និងការវិនិច្ឆ័យដែលពួកលោកបានសម្រេច គឺត្រូវធ្វើតាមពាក្យដែលពួកលោកអារកាត់ ឥតលំអៀងឡើយ។
12 អ្នកណាតាំងចិត្តមានះ មិនព្រមធ្វើតាមពាក្យរបស់បូជាចារ្យ* ដែលបានទទួលតំណែងបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ឬមិនស្ដាប់ពាក្យរបស់ចៅក្រមទេ អ្នកនោះត្រូវតែស្លាប់។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។
13 ប្រជាជនទាំងអស់ឮដំណឹងនេះ គេនឹងភ័យខ្លាច ហើយគ្មាននរណាហ៊ានតាំងចិត្តមានះបែបនេះទៀតឡើយ»។
14 «ពេលណាអ្នកចូលទៅដល់ស្រុកដែលព្រះអម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យ ពេលណាអ្នកកាន់កាប់ស្រុក និងតាំងទីលំនៅក្នុងស្រុកនោះហើយ ប្រហែលជាអ្នកនឹកចង់បានស្ដេចមួយអង្គគ្រប់គ្រងលើអ្នក ដូចប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញដែរ។
15 អ្នកត្រូវតែងតាំងស្ដេច ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ អ្នកត្រូវតែងតាំងស្ដេចដែលជាជនរួមជាតិរបស់អ្នក គឺមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាជនរួមជាតិរបស់អ្នកឡើយ។
16 ស្ដេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យច្រើនដែរ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។