ទុតិយ‌កថា 17:13-19 KHSV

13 ប្រជា‌ជន​ទាំង​អស់​ឮ​ដំណឹង​នេះ គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ហ៊ាន​តាំង​ចិត្ត​មានះ​បែប​នេះ​ទៀត​ឡើយ»។

14 «ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ហើយ ប្រហែល​ជា​អ្នក​នឹក​ចង់​បាន​ស្ដេច​មួយ​អង្គ​គ្រប់‌គ្រង​លើ​អ្នក ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ដែរ។

15 អ្នក​ត្រូវ​តែង‌តាំង​ស្ដេច ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ អ្នក​ត្រូវ​តែង‌តាំង​ស្ដេច​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក គឺ​មិន​ត្រូវ​តែង‌តាំង​ជន​បរទេស ដែល​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ។

16 ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​សេះ​ច្រើន ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​សេះ​ឲ្យ​ច្រើន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ថា “មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ”។

17 ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្ដេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់។ ស្ដេច​ក៏​មិន​ត្រូវ​មាន​មាស​ប្រាក់​ច្រើន​ពេក​ដែរ។

18 ពេល​ណា​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ហើយ ត្រូវ​ឲ្យ​ស្ដេច​យក​ក្រឹត្យ‌វិន័យ​នេះ​ពី​បូជា‌ចារ្យ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។

19 សៀវភៅ​នេះ​ត្រូវ​នៅ​ជាប់​ជា​មួយ​ស្ដេច​ជា‌និច្ច ហើយ​ស្ដេច​អាន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រម​ទាំង​កាន់ ហើយ​ប្រតិបត្តិ​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​គម្ពីរ‌វិន័យ​នេះ។