7 សាក្សីត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។
8 «ចំពោះឃាតកម្ម ការប្ដឹងផ្ដល់គ្នា និងការវាយគ្នាឲ្យមានរបួស ជាករណីដែលពិបាកកាត់ក្ដី នៅក្នុងក្រុងរបស់អ្នក ត្រូវនាំយករឿងនេះទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។
9 អ្នកត្រូវទៅជួបពួកបូជាចារ្យលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។
10 ចូរធ្វើតាមការវិនិច្ឆ័យដែលលោកទាំងនោះប្រាប់អ្នក នៅកន្លែងព្រះអម្ចាស់ជ្រើសរើស។ ចូរធ្វើតាមពាក្យដែលពួកលោកណែនាំឲ្យបានឥតខ្ចោះ។
11 ចូរធ្វើឲ្យត្រឹមត្រូវតាមក្រឹត្យវិន័យ ដែលលោកទាំងនោះណែនាំ និងការវិនិច្ឆ័យដែលពួកលោកបានសម្រេច គឺត្រូវធ្វើតាមពាក្យដែលពួកលោកអារកាត់ ឥតលំអៀងឡើយ។
12 អ្នកណាតាំងចិត្តមានះ មិនព្រមធ្វើតាមពាក្យរបស់បូជាចារ្យ* ដែលបានទទួលតំណែងបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ឬមិនស្ដាប់ពាក្យរបស់ចៅក្រមទេ អ្នកនោះត្រូវតែស្លាប់។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។
13 ប្រជាជនទាំងអស់ឮដំណឹងនេះ គេនឹងភ័យខ្លាច ហើយគ្មាននរណាហ៊ានតាំងចិត្តមានះបែបនេះទៀតឡើយ»។