ទុតិយ‌កថា 17:8-14 KHSV

8 «ចំពោះ​ឃាត‌កម្ម ការ​ប្ដឹង​ផ្ដល់​គ្នា និង​ការ​វាយ​គ្នា​ឲ្យ​មាន​របួស ជា​ករណី​ដែល​ពិបាក​កាត់​ក្ដី នៅ​ក្នុង​ក្រុង​របស់​អ្នក ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។

9 អ្នក​ត្រូវ​ទៅ​ជួប​ពួក​បូជា‌ចារ្យ​លេវី និង​ចៅ‌ក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោបល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។

10 ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែង​ព្រះ‌អម្ចាស់​ជ្រើស​រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​ណែ‌នាំ​ឲ្យ​បាន​ឥត​ខ្ចោះ។

11 ចូរ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​ក្រឹត្យ‌វិន័យ ដែល​លោក​ទាំង​នោះ​ណែ‌នាំ និង​ការ​វិនិច្ឆ័យ​ដែល​ពួក​លោក​បាន​សម្រេច គឺ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​អារ​កាត់ ឥត​លំអៀង​ឡើយ។

12 អ្នក​ណា​តាំង​ចិត្ត​មានះ មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បូជា‌ចារ្យ* ដែល​បាន​ទទួល​តំណែង​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឬ​មិន​ស្ដាប់​ពាក្យ​របស់​ចៅ‌ក្រម​ទេ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

13 ប្រជា‌ជន​ទាំង​អស់​ឮ​ដំណឹង​នេះ គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ហ៊ាន​តាំង​ចិត្ត​មានះ​បែប​នេះ​ទៀត​ឡើយ»។

14 «ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ហើយ ប្រហែល​ជា​អ្នក​នឹក​ចង់​បាន​ស្ដេច​មួយ​អង្គ​គ្រប់‌គ្រង​លើ​អ្នក ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ដែរ។