ទុតិយ‌កថា 18:1-5 KHSV

1 «ពួក​បូជា‌ចារ្យ​លេវី និង​កុល‌សម្ព័ន្ធ​លេវី​ទាំង​មូល គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ គឺ​ពួក​គេ​មាន​តែ​អាហារ​ពី​យញ្ញ‌បូជា និង​តង្វាយ​ផ្សេងៗ ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។

2 ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ផ្ទាល់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ស្រាប់។

3 ពេល​ប្រជា‌ជន​យក​គោ និង​ចៀម​មក​ថ្វាយ​ជា​យញ្ញ‌បូជា ពួក​គេ​ត្រូវ​យក​សាច់​ស្មា សាច់​ថ្គាម និង​ក្រពះ ជូន​បូជា‌ចារ្យ។

4 ត្រូវ​យក​ផល​ដំបូង​នៃ​ស្រូវ​របស់​អ្នក ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង និង​រោម​ចៀម​ដែល​អ្នក​កាត់​មុន​គេ ជូន​បូជា‌ចារ្យ

5 ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​បូជា‌ចារ្យ និង​ពូជ‌ពង្ស​របស់​លោក ពី​ចំណោម​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។