ទុតិយ‌កថា 20:1-6 KHSV

1 «ពេល​ណា​អ្នក​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ហើយ​អ្នក​ឃើញ​ថា សត្រូវ​មាន​ទ័ព​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ច្រើន​ជាង មិន​ត្រូវ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ទ្រង់​គង់​នៅ​ជា​មួយ​អ្នក។

2 មុន​ពេល​ចូល​ប្រយុទ្ធ បូជា‌ចារ្យ*​ត្រូវ​ចេញ​ទៅ​ឈរ​នៅ​មុខ​ពល​ទាហាន ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ដូច​ត​ទៅ:

3 “អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ចូល​ទៅ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត ភ័យ​ខ្លាច ញ័រ​រន្ធត់ និង​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ

4 ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​ទៅ​ច្បាំង​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ជំនួស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជ័យ‌ជំនះ”។

5 បន្ទាប់​មក ពួក​មេ‌ទ័ព​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទាហាន​ថា: “ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​នរណា​ម្នាក់​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​ពុំ​ទាន់​បាន​ឡើង​ផ្ទះ​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ឡើង​ផ្ទះ​ជំនួស។

6 បើ​មាន​នរណា​ម្នាក់​ដាំ​ទំពាំង‌បាយជូរ ហើយ​ពុំ​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។