ទុតិយ‌កថា 20:4-10 KHSV

4 ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​ទៅ​ច្បាំង​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ជំនួស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជ័យ‌ជំនះ”។

5 បន្ទាប់​មក ពួក​មេ‌ទ័ព​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទាហាន​ថា: “ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​នរណា​ម្នាក់​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​ពុំ​ទាន់​បាន​ឡើង​ផ្ទះ​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ឡើង​ផ្ទះ​ជំនួស។

6 បើ​មាន​នរណា​ម្នាក់​ដាំ​ទំពាំង‌បាយជូរ ហើយ​ពុំ​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។

7 បើ​នរណា​ម្នាក់​មាន​គូ‌ដណ្ដឹង តែ​មិន​ទាន់​បាន​រៀប‌ការ​ជា​មួយ​នាង​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​រៀប‌ការ​នឹង​នាង”។

8 នាយ​ទាហាន​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទ័ព​ទៀត​ថា: “បើ​នរណា​ភ័យ​ខ្លាច ឬ​គ្មាន​ទឹក​ចិត្ត​ក្លាហាន​ទេ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​នាំ​ឲ្យ​បង‌ប្អូន​ឯ​ទៀតៗ​បាក់​ទឹក​ចិត្ត​ដូច​ខ្លួន​ដែរ”។

9 ពេល​មេ‌ទ័ព​និយាយ​បែប​នេះ​ទៅ​កាន់​ពល​ទាហាន​ហើយ ពួក​គេ​ក៏​ចាត់​តាំង​ឲ្យ​មាន​មេ​ក្រុម នាំ​មុខ​ពល​ទាហាន​ទាំង​នោះ»។

10 «ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។