ទុតិយ‌កថា 20:9-15 KHSV

9 ពេល​មេ‌ទ័ព​និយាយ​បែប​នេះ​ទៅ​កាន់​ពល​ទាហាន​ហើយ ពួក​គេ​ក៏​ចាត់​តាំង​ឲ្យ​មាន​មេ​ក្រុម នាំ​មុខ​ពល​ទាហាន​ទាំង​នោះ»។

10 «ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។

11 ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជា‌ជន​ទាំង​មូល​ក្នុង​ក្រុង​នោះ​ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។

12 ប្រសិន​បើ​អ្នក​ក្រុង​នោះ​មិន​ព្រម​ទទួល​សំណើ ហើយ​ចង់​ធ្វើ​សឹក​ជា​មួយ​អ្នក ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង

13 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​របស់​ពួក​គេ ដោយ​មុខ​ដាវ។

14 ចំណែក​ឯ​ស្រីៗ ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទីក្រុង អ្នក​អាច​រឹប​អូស​ជា​ជយ‌ភ័ណ្ឌ អ្នក​អាច​បរិភោគ​សាច់​របស់​សត្វ​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។

15 អ្នក​ត្រូវ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ក្រុង​ទាំង​អស់​ដែល​នៅ​ឆ្ងាយៗ​ពី​អ្នក ជា​ក្រុង​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុង​របស់​ប្រជា‌ជាតិ​ទាំង​នេះ​ទេ។