ម៉ាថាយ 15:24-30 KHSV

24 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែលប៉ុណ្ណោះ»។

25 ប៉ុន្តែ ស្ត្រី​នោះ ចូល​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។

26 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។

27 នាង​ទូល​ព្រះ‌អង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះ‌អម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។

28 ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំ‌មួន​ណាស់ ដូច្នេះ សូម​ឲ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។

29 ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កាលី‌ឡេ។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ លុះ​យាង​ដល់​ហើយ ព្រះ‌អង្គ​គង់​ចុះ

30 មាន​មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ​ជើង មនុស្ស​គ​ថ្លង់ និង​អ្នក​មាន​ជំងឺ​ឯ​ទៀតៗ​មក​ជា​មួយ។ គេ​ដាក់​អ្នក​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។