ម៉ាថាយ 26:38-44 KHSV

38 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ»។

39 ព្រះ‌អង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះ‌ភ័ក្ត្រ​ដល់​ដី ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាកនេះ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូលបង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​វិញ»។

40 ព្រះ‌អង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!»។

41 «ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។

42 ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ​ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ!»។

43 ព្រះ‌យេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។

44 ព្រះ‌អង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន*​ជា​លើក​ទី​បី ហើយ​ទូល‌អង្វរ​ដោយ​ពាក្យ​ដដែល។