39 ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ត្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាកនេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។
40 ព្រះអង្គយាងមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!»។
41 «ចូរប្រុងស្មារតី ហើយអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។
42 ព្រះអង្គយាងចេញទៅម្ដងទៀតជាលើកទីពីរហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។
43 ព្រះយេស៊ូវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។
44 ព្រះអង្គក៏យាងចាកចេញពីគេទៅអធិស្ឋាន*ជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។
45 បន្ទាប់មក ព្រះអង្គវិលមករកសិស្សវិញ មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ឥឡូវនេះ ជិតដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។