ម៉ាថាយ 26:43-49 KHSV

43 ព្រះ‌យេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។

44 ព្រះ‌អង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន*​ជា​លើក​ទី​បី ហើយ​ទូល‌អង្វរ​ដោយ​ពាក្យ​ដដែល។

45 បន្ទាប់​មក ព្រះ‌អង្គ​វិល​មក​រក​សិស្ស​វិញ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ឥឡូវ​នេះ ជិត​ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប​ហើយ។

46 ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ មក​ជិត​ដល់​ហើយ!»។

47 ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​មក​ដល់ ទាំង​មាន​បណ្ដា‌ជន​ជា​ច្រើន​កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។

48 យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​គេ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!»។

49 កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​ព្រះ‌គ្រូ!» រួច​ថើប​ព្រះ‌អង្គ។