50 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។
51 មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ* ដាច់ស្លឹកត្រចៀក។
52 ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។
53 អ្នកស្មានថា ខ្ញុំមិនអាចអង្វរករព្រះបិតាខ្ញុំឲ្យចាត់ទេវតាជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?
54 តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។
55 ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារ*ជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
56 ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរព្យាការី*។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។