56 ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរព្យាការី*។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។
57 លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផាស ជាមហាបូជាចារ្យ*។ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជួបជុំគ្នានៅទីនោះ។
58 លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយជាមួយកងរក្សាព្រះវិហារ ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។
59 ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ
60 ទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមក
61 ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះព្រះវិហាររបស់ព្រះជាម្ចាស់ចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។
62 ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើង សួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។