ម៉ាថាយ 7:1-5 KHSV

1 «កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ថ្កោល​ទោស​អ្នក​រាល់​គ្នា

2 បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។

3 ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​បង‌ប្អូន តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ?

4 បើ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក ម្ដេច​ក៏​អ្នក​និយាយ​ទៅ​បង‌ប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​អ្នក!”

5 មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង‌ប្អូន​អ្នក​បាន។