ម៉ាថាយ 9:30-36 KHSV

30 ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។

31 ប៉ុន្តែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ ឲ្យ​គេ​ដឹង​ពាស‌ពេញ​ស្រុក។

32 លុះ​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល មក​គាល់​ព្រះ‌យេស៊ូ។

33 កាល​ព្រះ‌អង្គ​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហា‌ជន​នាំ​គ្នា​ស្ងើច​សរ‌សើរ​យ៉ាង​ខ្លាំង​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ»។

34 ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អារក្ស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​ឲ្យ»។

35 បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។

36 កាល​ព្រះ‌អង្គ​ទត​ឃើញ​មហា‌ជន ទ្រង់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ត ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែ‌ទាំ។