២ របាក្សត្រ 1:7-13 KHOV

7 ក្នុង​ពេល​យប់​នោះ ព្រះ​ទ្រង់​លេច​មក​ឯ​សាឡូ‌ម៉ូន​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ឯង​សូម​ចុះ តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង

8 សាឡូ‌ម៉ូន​ទ្រង់​ឆ្លើយ​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ជា​ធំ ដល់​ដាវីឌ ជា​បិតា​ទូល‌បង្គំ ក៏​បាន​តាំង​ទូល‌បង្គំ​ឡើង ជា​ស្តេច​ជំនួស​បិតា​ហើយ

9 ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​ទូល‌បង្គំ បាន​តាំង​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ជា​ស្តេច​លើ​សាសន៍១​មាន​គ្នា​ច្រើន​ដូច​ជា​ផង់​ធូលី​នៅ​ផែនដី

10 ដូច្នេះ សូម​ប្រោស‌ប្រទាន ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្តា‌ជន​នេះ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​គ្រប់‌គ្រង លើ​រាស្ត្រ​របស់​ទ្រង់ ដែល​មាន​ច្រើន​ទាំង​ម៉្លេះ​នេះ​បាន

11 ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដោយ​ព្រោះ​ឯង​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ‌សម្បត្តិ ឬ​ធន‌ធាន ឬ​កិត្តិយស ឬ​ការ​ប្រហារ​ជីវិត​នៃ​ពួក​អ្នក​ដែល​ស្អប់​ឯង ក៏​មិន​បាន​សូម​អាយុ​ឲ្យ​យឺន‌យូរ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​ប្រាជ្ញា និង​យោបល់​វិញ ដើម្បី​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​អញ ដែល​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ

12 ដូច្នេះ អញ​ឲ្យ​ឯង​មាន​ប្រាជ្ញា និង​យោបល់​ហើយ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ ធន‌ធាន និង​កិត្តិយស​ទៀត​ផង ដល់​ម៉្លេះ​បាន​ជា​មុន​ឯង មិន​ដែល​មាន​ស្តេច​ណា បាន​យ៉ាង​នោះ​ឡើយ ហើយ​ក្រោយ​ឯង​ទៅ​មុខ​ទៀត ក៏​មិន​មាន​ដែរ

13 ដូច្នេះ សាឡូ‌ម៉ូន​ទ្រង់​ក៏​វិល​ត្រឡប់​ពី​ទី​ខ្ពស់ នៅ​ត្រង់​គីបៀន គឺ​ពី​មុខ​ត្រសាល​ជំនុំ មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល។