២ របាក្សត្រ 11:15-21 KHOV

15 ហើយ​ក៏​តាំង​ពួក​អ្នក​ដទៃ​ឡើង​ជា​សង្ឃ​វិញ​សំរាប់​អស់​ទាំង​ទី​ខ្ពស់ រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ទ្រង់​បាន​ធ្វើ

16 ឯ​ពួក​អ្នក​នៅ​អស់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ក៏​តាម​ពួក​លេវី​នោះ មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ

17 យ៉ាង​នោះ​គេ​បាន​ចំរើន​កំឡាំង​ដល់​រាជ្យ​យូដា ក៏​បាន​ធ្វើ​ឲ្យ​រេហូ‌បោម ជា​បុត្រ​សាឡូ‌ម៉ូន​មាន​កំឡាំង​នៅ​អស់​៣​ឆ្នាំ ដ្បិត​ក្នុង​រវាង​៣​ឆ្នាំ​នោះ គេ​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ដាវីឌ និង​សាឡូ‌ម៉ូន។

18 ឯ​រេហូ‌បោម​ទ្រង់​យក​ភរិយា គឺ​នាង​ម៉ាហា‌ឡាត់​ជា​បុត្រី​នៃ​យេរី‌ម៉ូត​ពូជ‌ពង្ស​ដាវីឌ និង​នៃ​អ័ប៊ី‌ហែល ជា​បុត្រី​អេលាប ដែល​ជា​បុត្រ​អ៊ីសាយ

19 ព្រះ‌នាង​នោះ​បង្កើត​បាន​បុត្រា​ថ្វាយ​ទ្រង់ គឺ​យេអ៊ូស សេម៉ា‌រីយ៉ា និង​សាហាំ

20 បន្ទាប់​នឹង​នាង​នោះ ទ្រង់​ក៏​យក​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម នាង​នោះ​បង្កើត​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា និង​សឡូមិត​ថ្វាយ​ទ្រង់

21 រេហូ‌បោម​ទ្រង់​ស្រឡាញ់​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម លើស​ជាង​អស់​ទាំង​ភរិយា និង​ពួក​អ្នក‌ម្នាង​របស់​ទ្រង់ (ដ្បិត​ទ្រង់​បាន​យក​ភរិយា​១៨ និង​អ្នក‌ម្នាង​៦០ ក៏​បង្កើត​បាន​បុត្រា​២៨​អង្គ និង​បុត្រី​៦០​អង្គ)