២ របាក្សត្រ 13:11-17 KHOV

11 រាល់​តែ​ព្រឹក​ល្ងាច គេ​តែង​ដុត​ដង្វាយ​ដុត និង​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា​ជានិច្ច ក៏​រៀប​នំបុ័ង​តាំង​ទុក​ដាក់​លើ​តុ​បរិសុទ្ធ ព្រម​ទាំង​ថែ​ជើង​ចង្កៀង​មាស និង​ចង្កៀង​ទាំង​ប៉ុន្មាន ដែល​សំរាប់​ដុត​រាល់​តែ​ល្ងាច ដ្បិត​យើង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង តែ​ឯង​រាល់​គ្នា បាន​បោះ‌បង់​ចោល​ទ្រង់​វិញ

12 ហើយ​មើល ព្រះ​ទ្រង់​គង់​ជា​មួយ ក៏​ជា​អ្នក​នាំ​មុខ​យើង ពួក​សង្ឃ​របស់​ទ្រង់​ក៏​កាន់​ត្រែ សំរាប់​នឹង​ផ្លុំ​ឲ្យ​ស្លន់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ច្បាំង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​មិន​ចំរើន​ទេ។

13 តែ​ឯ​យេរ៉ូ‌បោម​ទ្រង់​ចាត់​ពួក​ទ័ព​បង្កប់ ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ មាន​ពួក​គេ​នៅ​ពី​ខាង​មុខ និង​ពួក​ទ័ព​បង្កប់​នៅ​ពី​ខាង​ក្រោយ​នៃ​ពួក​យូដា

14 កាល​ពួក​យូដា​បាន​ក្រឡេក​បែរ​មើល​ទៅ​ក្រោយ នោះ​ក៏​ឃើញ​មាន​ចំបាំង​ពី​មុខ​ពី​ក្រោយ​ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង

15 ពួក​ទ័ព​យូដា គេ​ស្រែក​ឡើង ហើយ​កំពុង​ដែល​ពួក​យូដា​ស្រែក​ឡើង​ដូច្នោះ នោះ​ព្រះ​ទ្រង់​ក៏​វាយ​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មុខ​អ័ប៊ីយ៉ា និង​ពួក​យូដា

16 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាក់​ទ័ព​រត់​ពី​មុខ​ពួក​យូដា ហើយ​ព្រះ​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​យូដា

17 អ័ប៊ីយ៉ា និង​ពួក​ទ័ព​ទ្រង់ ក៏​ប្រហារ​សំឡាប់​គេ​យ៉ាង​សំបើម មាន​ពួក​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស បាន​ដួល​ស្លាប់​អស់​៥​សែន​នាក់