២ របាក្សត្រ 13:12-18 KHOV

12 ហើយ​មើល ព្រះ​ទ្រង់​គង់​ជា​មួយ ក៏​ជា​អ្នក​នាំ​មុខ​យើង ពួក​សង្ឃ​របស់​ទ្រង់​ក៏​កាន់​ត្រែ សំរាប់​នឹង​ផ្លុំ​ឲ្យ​ស្លន់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ច្បាំង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​មិន​ចំរើន​ទេ។

13 តែ​ឯ​យេរ៉ូ‌បោម​ទ្រង់​ចាត់​ពួក​ទ័ព​បង្កប់ ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ មាន​ពួក​គេ​នៅ​ពី​ខាង​មុខ និង​ពួក​ទ័ព​បង្កប់​នៅ​ពី​ខាង​ក្រោយ​នៃ​ពួក​យូដា

14 កាល​ពួក​យូដា​បាន​ក្រឡេក​បែរ​មើល​ទៅ​ក្រោយ នោះ​ក៏​ឃើញ​មាន​ចំបាំង​ពី​មុខ​ពី​ក្រោយ​ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង

15 ពួក​ទ័ព​យូដា គេ​ស្រែក​ឡើង ហើយ​កំពុង​ដែល​ពួក​យូដា​ស្រែក​ឡើង​ដូច្នោះ នោះ​ព្រះ​ទ្រង់​ក៏​វាយ​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មុខ​អ័ប៊ីយ៉ា និង​ពួក​យូដា

16 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាក់​ទ័ព​រត់​ពី​មុខ​ពួក​យូដា ហើយ​ព្រះ​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​យូដា

17 អ័ប៊ីយ៉ា និង​ពួក​ទ័ព​ទ្រង់ ក៏​ប្រហារ​សំឡាប់​គេ​យ៉ាង​សំបើម មាន​ពួក​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស បាន​ដួល​ស្លាប់​អស់​៥​សែន​នាក់

18 នៅ​វេលា​នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ក្រាប​ចុះ ឯ​ពួក​កូន​ចៅ​យូដា គេ​មាន​ជ័យ‌ជំនះ ដោយ​ព្រោះ​គេ​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ