២ របាក្សត្រ 13:3-9 KHOV

3 ឯ​អ័ប៊ីយ៉ា​ទ្រង់​ចាប់​តាំង​ត​ចំបាំង មាន​ពល‌ទ័ព​សុទ្ធ​តែ​មនុស្ស​ថ្នឹក​ចំបាំង ហើយ​ជ្រើស‌រើស មាន​ចិត្ត​ក្លាហាន​ចំនួន​៤​សែន​នាក់ ហើយ​យេរ៉ូ‌បោម​ក៏​ដំរៀប​ទ័ព​ច្បាំង​នឹង​ទ្រង់ មាន​មនុស្ស​ជ្រើស‌រើស ហើយ​ក្លាហាន​៨​សែន​នាក់

4 ឯ​អ័ប៊ីយ៉ា​ទ្រង់​ឈរ​នៅ​លើ​ភ្នំ​សេម៉ា‌រែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម មាន​ព្រះ‌បន្ទូល​ថា ឱ​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​អើយ ចូរ​ស្តាប់​ចុះ

5 គួរ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រទាន​អំណាច​លើ​សាសន៍​អ៊ីស្រា‌អែល​ដល់​ដាវីឌ ឲ្យ​សោយ‌រាជ្យ​ជា​ដរាប​ទៅ គឺ​ដល់​ទ្រង់ និង​វង្សា‌នុវង្ស​របស់​ទ្រង់​ត​ទៅ តាម​សេចក្ដី​សញ្ញា​ដែល​តាំង​ដោយ​អំបិល

6 ប៉ុន្តែ​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​ជា​អ្នក​បំរើ​របស់​សាឡូ‌ម៉ូន បុត្រា​ដាវីឌ វា​បាន​លើក​ខ្លួន​ឡើង​បះ‌បោរ​នឹង​ចៅ‌ហ្វាយ​របស់​ខ្លួន

7 ហើយ​មាន​មនុស្ស​ជា​អសារ​ឥត​ការ និង​មនុស្ស​ចោល‌ម្សៀត បាន​រួម​គ្នា​ជា​មួយ​នឹង​វា ចំរើន​កំឡាំង​ឡើង​ទាស់​នឹង​រេហូ‌បោម ជា​បុត្រា​សាឡូ‌ម៉ូន ក្នុង​កាល​ដែល​រេហូ‌បោម​នៅ​ខ្ចី​គំនិត ហើយ​ចិត្ត​ទន់ មិន​អាច​ទប់​នឹង​គេ​បាន​ឡើយ

8 ឥឡូវ​នេះ ឯង​រាល់​គ្នា​គិត​ត​តាំង នឹង​នគរ​របស់​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​អំណាច​កូន​ចៅ​ដាវីឌ​ទៀត ឯង​រាល់​គ្នា​មាន​គ្នា​សន្ធឹក​ណាស់ ហើយ​កូន​គោ​មាស ដែល​យេរ៉ូ‌បោម​បាន​ធ្វើ​ទុក​ជា​ព្រះ​របស់​ឯង ក៏​នៅ​ជា​មួយ​នឹង​ឯង​ដែរ

9 តើ​ឯង​រាល់​គ្នា​មិន​បាន​បណ្តេញ​ពួក​សង្ឃ​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​កូន​ចៅ​អើរ៉ុន និង​ពួក​លេវី​ចេញ ហើយ​បាន​តាំង​ពួក​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ តាម​របៀប​អស់​ទាំង​សាសន៍​ដទៃ​ទេ​ឬ​អី ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ក៏​ដោយ ដែល​យក​គោ​ស្ទាវ និង​ចៀម​ឈ្មោល​៧​មក​ចង់​បំបួស​ខ្លួន នោះ​នឹង​បាន​ធ្វើ​ជា​សង្ឃ​ដល់​ព្រះ​ទាំង​នោះ ដែល​មិន​មែន​ជា​ព្រះ​ទេ​ក៏​បាន