5 គួរឲ្យឯងរាល់គ្នាដឹងថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចលើសាសន៍អ៊ីស្រាអែលដល់ដាវីឌ ឲ្យសោយរាជ្យជាដរាបទៅ គឺដល់ទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល
6 ប៉ុន្តែយេរ៉ូបោម ជាកូននេបាត ដែលជាអ្នកបំរើរបស់សាឡូម៉ូន បុត្រាដាវីឌ វាបានលើកខ្លួនឡើងបះបោរនឹងចៅហ្វាយរបស់ខ្លួន
7 ហើយមានមនុស្សជាអសារឥតការ និងមនុស្សចោលម្សៀត បានរួមគ្នាជាមួយនឹងវា ចំរើនកំឡាំងឡើងទាស់នឹងរេហូបោម ជាបុត្រាសាឡូម៉ូន ក្នុងកាលដែលរេហូបោមនៅខ្ចីគំនិត ហើយចិត្តទន់ មិនអាចទប់នឹងគេបានឡើយ
8 ឥឡូវនេះ ឯងរាល់គ្នាគិតតតាំង នឹងនគររបស់ព្រះយេហូវ៉ា ដែលនៅក្នុងអំណាចកូនចៅដាវីឌទៀត ឯងរាល់គ្នាមានគ្នាសន្ធឹកណាស់ ហើយកូនគោមាស ដែលយេរ៉ូបោមបានធ្វើទុកជាព្រះរបស់ឯង ក៏នៅជាមួយនឹងឯងដែរ
9 តើឯងរាល់គ្នាមិនបានបណ្តេញពួកសង្ឃផងព្រះយេហូវ៉ា គឺជាពួកកូនចៅអើរ៉ុន និងពួកលេវីចេញ ហើយបានតាំងពួកអ្នកដទៃឲ្យធ្វើជាពួកសង្ឃ តាមរបៀបអស់ទាំងសាសន៍ដទៃទេឬអី ដល់ម៉្លេះបានជាអ្នកណាក៏ដោយ ដែលយកគោស្ទាវ និងចៀមឈ្មោល៧មកចង់បំបួសខ្លួន នោះនឹងបានធ្វើជាសង្ឃដល់ព្រះទាំងនោះ ដែលមិនមែនជាព្រះទេក៏បាន
10 តែខាងឯយើងរាល់គ្នាវិញ គឺព្រះយេហូវ៉ាទ្រង់ជាព្រះនៃយើង យើងរាល់គ្នាមិនបានបោះបង់ចោលទ្រង់ទេ យើងមានពួកសង្ឃជាពួកកូនចៅអើរ៉ុន និងពួកលេវីដែលធ្វើការងារថ្វាយព្រះយេហូវ៉ាវិញ
11 រាល់តែព្រឹកល្ងាច គេតែងដុតដង្វាយដុត និងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស និងចង្កៀងទាំងប៉ុន្មាន ដែលសំរាប់ដុតរាល់តែល្ងាច ដ្បិតយើងរាល់គ្នារក្សាបញ្ញើរបស់ព្រះយេហូវ៉ា ជាព្រះនៃយើង តែឯងរាល់គ្នា បានបោះបង់ចោលទ្រង់វិញ