២ របាក្សត្រ 13:6-12 KHOV

6 ប៉ុន្តែ​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​ជា​អ្នក​បំរើ​របស់​សាឡូ‌ម៉ូន បុត្រា​ដាវីឌ វា​បាន​លើក​ខ្លួន​ឡើង​បះ‌បោរ​នឹង​ចៅ‌ហ្វាយ​របស់​ខ្លួន

7 ហើយ​មាន​មនុស្ស​ជា​អសារ​ឥត​ការ និង​មនុស្ស​ចោល‌ម្សៀត បាន​រួម​គ្នា​ជា​មួយ​នឹង​វា ចំរើន​កំឡាំង​ឡើង​ទាស់​នឹង​រេហូ‌បោម ជា​បុត្រា​សាឡូ‌ម៉ូន ក្នុង​កាល​ដែល​រេហូ‌បោម​នៅ​ខ្ចី​គំនិត ហើយ​ចិត្ត​ទន់ មិន​អាច​ទប់​នឹង​គេ​បាន​ឡើយ

8 ឥឡូវ​នេះ ឯង​រាល់​គ្នា​គិត​ត​តាំង នឹង​នគរ​របស់​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​អំណាច​កូន​ចៅ​ដាវីឌ​ទៀត ឯង​រាល់​គ្នា​មាន​គ្នា​សន្ធឹក​ណាស់ ហើយ​កូន​គោ​មាស ដែល​យេរ៉ូ‌បោម​បាន​ធ្វើ​ទុក​ជា​ព្រះ​របស់​ឯង ក៏​នៅ​ជា​មួយ​នឹង​ឯង​ដែរ

9 តើ​ឯង​រាល់​គ្នា​មិន​បាន​បណ្តេញ​ពួក​សង្ឃ​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​កូន​ចៅ​អើរ៉ុន និង​ពួក​លេវី​ចេញ ហើយ​បាន​តាំង​ពួក​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ តាម​របៀប​អស់​ទាំង​សាសន៍​ដទៃ​ទេ​ឬ​អី ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ក៏​ដោយ ដែល​យក​គោ​ស្ទាវ និង​ចៀម​ឈ្មោល​៧​មក​ចង់​បំបួស​ខ្លួន នោះ​នឹង​បាន​ធ្វើ​ជា​សង្ឃ​ដល់​ព្រះ​ទាំង​នោះ ដែល​មិន​មែន​ជា​ព្រះ​ទេ​ក៏​បាន

10 តែ​ខាង​ឯ​យើង​រាល់​គ្នា​វិញ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​នៃ​យើង យើង​រាល់​គ្នា​មិន​បាន​បោះ‌បង់​ចោល​ទ្រង់​ទេ យើង​មាន​ពួក​សង្ឃ​ជា​ពួក​កូន​ចៅ​អើរ៉ុន និង​ពួក​លេវី​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ

11 រាល់​តែ​ព្រឹក​ល្ងាច គេ​តែង​ដុត​ដង្វាយ​ដុត និង​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា​ជានិច្ច ក៏​រៀប​នំបុ័ង​តាំង​ទុក​ដាក់​លើ​តុ​បរិសុទ្ធ ព្រម​ទាំង​ថែ​ជើង​ចង្កៀង​មាស និង​ចង្កៀង​ទាំង​ប៉ុន្មាន ដែល​សំរាប់​ដុត​រាល់​តែ​ល្ងាច ដ្បិត​យើង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង តែ​ឯង​រាល់​គ្នា បាន​បោះ‌បង់​ចោល​ទ្រង់​វិញ

12 ហើយ​មើល ព្រះ​ទ្រង់​គង់​ជា​មួយ ក៏​ជា​អ្នក​នាំ​មុខ​យើង ពួក​សង្ឃ​របស់​ទ្រង់​ក៏​កាន់​ត្រែ សំរាប់​នឹង​ផ្លុំ​ឲ្យ​ស្លន់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ច្បាំង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​មិន​ចំរើន​ទេ។