7 ហើយមានមនុស្សជាអសារឥតការ និងមនុស្សចោលម្សៀត បានរួមគ្នាជាមួយនឹងវា ចំរើនកំឡាំងឡើងទាស់នឹងរេហូបោម ជាបុត្រាសាឡូម៉ូន ក្នុងកាលដែលរេហូបោមនៅខ្ចីគំនិត ហើយចិត្តទន់ មិនអាចទប់នឹងគេបានឡើយ
8 ឥឡូវនេះ ឯងរាល់គ្នាគិតតតាំង នឹងនគររបស់ព្រះយេហូវ៉ា ដែលនៅក្នុងអំណាចកូនចៅដាវីឌទៀត ឯងរាល់គ្នាមានគ្នាសន្ធឹកណាស់ ហើយកូនគោមាស ដែលយេរ៉ូបោមបានធ្វើទុកជាព្រះរបស់ឯង ក៏នៅជាមួយនឹងឯងដែរ
9 តើឯងរាល់គ្នាមិនបានបណ្តេញពួកសង្ឃផងព្រះយេហូវ៉ា គឺជាពួកកូនចៅអើរ៉ុន និងពួកលេវីចេញ ហើយបានតាំងពួកអ្នកដទៃឲ្យធ្វើជាពួកសង្ឃ តាមរបៀបអស់ទាំងសាសន៍ដទៃទេឬអី ដល់ម៉្លេះបានជាអ្នកណាក៏ដោយ ដែលយកគោស្ទាវ និងចៀមឈ្មោល៧មកចង់បំបួសខ្លួន នោះនឹងបានធ្វើជាសង្ឃដល់ព្រះទាំងនោះ ដែលមិនមែនជាព្រះទេក៏បាន
10 តែខាងឯយើងរាល់គ្នាវិញ គឺព្រះយេហូវ៉ាទ្រង់ជាព្រះនៃយើង យើងរាល់គ្នាមិនបានបោះបង់ចោលទ្រង់ទេ យើងមានពួកសង្ឃជាពួកកូនចៅអើរ៉ុន និងពួកលេវីដែលធ្វើការងារថ្វាយព្រះយេហូវ៉ាវិញ
11 រាល់តែព្រឹកល្ងាច គេតែងដុតដង្វាយដុត និងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស និងចង្កៀងទាំងប៉ុន្មាន ដែលសំរាប់ដុតរាល់តែល្ងាច ដ្បិតយើងរាល់គ្នារក្សាបញ្ញើរបស់ព្រះយេហូវ៉ា ជាព្រះនៃយើង តែឯងរាល់គ្នា បានបោះបង់ចោលទ្រង់វិញ
12 ហើយមើល ព្រះទ្រង់គង់ជាមួយ ក៏ជាអ្នកនាំមុខយើង ពួកសង្ឃរបស់ទ្រង់ក៏កាន់ត្រែ សំរាប់នឹងផ្លុំឲ្យស្លន់ឡើងទាស់នឹងឯងរាល់គ្នា ឱពួកកូនចៅអ៊ីស្រាអែលអើយ កុំឲ្យច្បាំងនឹងព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯងរាល់គ្នាឡើយ ពីព្រោះឯងរាល់គ្នានឹងមិនចំរើនទេ។
13 តែឯយេរ៉ូបោមទ្រង់ចាត់ពួកទ័ពបង្កប់ ឲ្យវាងទៅខាងក្រោយ ដូច្នេះ មានពួកគេនៅពីខាងមុខ និងពួកទ័ពបង្កប់នៅពីខាងក្រោយនៃពួកយូដា