1 អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអេសា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យ ជំនួសព្រះបិតា ហើយនៅក្នុងរាជ្យរបស់ទ្រង់ នោះស្រុកបានស្ងៀមស្ងប់អស់១០ឆ្នាំ។
2 ឯអេសាទ្រង់ប្រព្រឹត្តសេចក្ដីដែលល្អ ហើយត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់
3 ដ្បិតទ្រង់បំបាត់អស់ទាំងអាសនាដទៃ និងទីខ្ពស់ទាំងប៉ុន្មាន ឲ្យសូន្យចេញ ក៏បំបាក់បំបែកបង្គោលថ្មដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះបង់
4 ទ្រង់ក៏បង្គាប់ដល់ពួកយូដា ឲ្យគេស្វែងរកព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ហើយឲ្យប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តទាំងប៉ុន្មានដែរ
5 ទ្រង់បំបាត់ទីខ្ពស់ទាំងប៉ុន្មាន និងរូបព្រះអាទិត្យ ពីអស់ទាំងទីក្រុងស្រុកយូដាចេញ នោះនគរបានស្ងៀមស្ងប់ នៅចំពោះទ្រង់
6 គ្រានោះទ្រង់សង់ទីក្រុងមានបន្ទាយ នៅក្នុងស្រុកយូដា ដ្បិតស្រុកបានស្ងៀមស្ងប់ ឥតមានចំបាំងក្នុងប៉ុន្មានឆ្នាំនោះ ពីព្រោះព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត