10 ដូច្នេះ អេសាទ្រង់ចេញទៅតទល់នឹងគេ ក៏ដំរៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា
11 ឯអេសាទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជំនះ ដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើទ្រង់ទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះទ្រង់ឡើយ
12 ដូច្នេះ ព្រះយេហូវ៉ាទ្រង់ក៏វាយពួកអេធីអូពី នៅចំពោះអេសា និងពួកយូដា ឲ្យគេបាក់ទ័ពរត់ទៅ
13 រួចអេសា និងពួកពលដែលនៅជាមួយ ក៏ដេញតាមទៅ រហូតដល់ក្រុងកេរ៉ា ហើយពួកអេធីអូពី គេដួលស្លាប់ជាច្រើនណាស់ ដល់ម៉្លេះបានជាគេងើបឡើង ឲ្យមានកំឡាំងទៀតមិនបាន ពីព្រោះគេត្រូវបាក់បែក នៅចំពោះព្រះយេហូវ៉ា ហើយចំពោះពលទ័ពរបស់ទ្រង់ ពួកខាងអេសាក៏ចាប់យកបានរបឹបយ៉ាងសន្ធឹក
14 ហើយវាយអស់ទាំងទីក្រុង នៅជុំវិញក្រុងកេរ៉ាដែរ ពីព្រោះសេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ា បានគ្របសង្កត់លើពួកក្រុងទាំងនោះ ពួកយូដាក៏ប្លន់ទីក្រុងទាំងនោះ យកបានរបស់យ៉ាងសន្ធឹក
15 ហើយវាយទាំងរោងសត្វ នាំយកបានចៀមជាបរិបូរ ព្រមទាំងអូដ្ឋផង រួចត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។