4 ទ្រង់ក៏បង្គាប់ដល់ពួកយូដា ឲ្យគេស្វែងរកព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ហើយឲ្យប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តទាំងប៉ុន្មានដែរ
5 ទ្រង់បំបាត់ទីខ្ពស់ទាំងប៉ុន្មាន និងរូបព្រះអាទិត្យ ពីអស់ទាំងទីក្រុងស្រុកយូដាចេញ នោះនគរបានស្ងៀមស្ងប់ នៅចំពោះទ្រង់
6 គ្រានោះទ្រង់សង់ទីក្រុងមានបន្ទាយ នៅក្នុងស្រុកយូដា ដ្បិតស្រុកបានស្ងៀមស្ងប់ ឥតមានចំបាំងក្នុងប៉ុន្មានឆ្នាំនោះ ពីព្រោះព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត
7 ដូច្នេះ ទ្រង់មានព្រះបន្ទូលនឹងពួកយូដាថា ចូរយើងសង់ទីក្រុងទាំងនេះឡើង ហើយធ្វើកំផែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុកផង ក្នុងពេលដែលគ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុកឡើយ ដ្បិតយើងរាល់គ្នាបានស្វែងរកព្រះយេហូវ៉ា ជាព្រះនៃយើង អើ យើងរាល់គ្នាបានស្វែងរកទ្រង់ ហើយទ្រង់បានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ ដូច្នេះ គេក៏សង់ឡើង ហើយបានចំរើនផង
8 អេសាទ្រង់មានពួកពលទ័ព ដែលកាន់ខែល និងលំពែង៣សែននាក់ ជាពួកយូដា ហើយ២សែន៨ម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែល ហើយបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។
9 នៅគ្រានោះ សេរ៉ាស ជាសាសន៍អេធីអូពី ទ្រង់បានលើកទ័ព១លាននាក់ និងរទេះចំបាំង៣០០ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា
10 ដូច្នេះ អេសាទ្រង់ចេញទៅតទល់នឹងគេ ក៏ដំរៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា