២ របាក្សត្រ 15:2-8 KHOV

2 ហើយ​លោក​ចេញ​ទៅ​ទទួល​អេសា​ទូល​ថា បពិត្រ​ព្រះ‌ករុណា​អេសា ព្រម​ទាំង​ពួក​យូដា និង​ពួក​បេន‌យ៉ា‌មីន​ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ទ្រង់​វិញ ទ្រង់​ក៏​នឹង​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ

3 រីឯ​នៅ​គ្រា​នោះ ពួក​អ៊ីស្រា‌អែល​ឥត​មាន​ព្រះ​ដ៏​ជា​ពិត​ទេ ក៏​គ្មាន​ពួក​សង្ឃ​ដែល​បង្ហាត់​បង្រៀន ហើយ​គ្មាន​ក្រឹត្យ‌វិន័យ​ដែរ នៅ​អស់​កាល​ជា​យូរ​មក​ហើយ

4 តែ​កាល​កើត​មាន​សេចក្ដី​វេទនា​នោះ ហើយ​គេ​បាន​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​ស្វែង​រក​ទ្រង់​ផង នោះ​ក៏​រក​ទ្រង់​ឃើញ

5 នៅ​អស់​ទាំង​គ្រា​នោះ គ្មាន​សេចក្ដី​សុខ​ដល់​អ្នក​ណា ដែល​ចេញ​ចូល​ទៅ​ឯ​ណា​ឡើយ គឺ​មាន​សុទ្ធ​តែ​សេចក្ដី​ប្រទូស‌រ៉ាយ​ជា​ខ្លាំង ដល់​អស់​អ្នក​នៅ​ក្នុង​ស្រុក​ទាំង​នោះ​វិញ

6 គេ​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ គឺ​នគរ​១​ទាស់​នឹង​នគរ​១ ហើយ​ទី​ក្រុង​១​ទាស់​នឹង​ទី​ក្រុង​១​ទៀត ពី​ព្រោះ​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​ប្រទូស‌រ៉ាយ​ដល់​គេ ដោយ​នូវ​សេចក្ដី​ទំនាស់​គ្រប់​យ៉ាង

7 តែ​ឯ​អ្នក​រាល់​គ្នា ចូរ​ខំ​ប្រឹង​ឡើង កុំ​ឲ្យ​ដៃ​ថយ​កំឡាំង​ឡើយ ពី​ព្រោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់។

8 លុះ​កាល​អេសា​បាន​ឮ​ពាក្យ​ទាំង​នោះ គឺ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​អូដេឌ​ហើយ នោះ​ទ្រង់​មាន​ព្រះ‌ទ័យ​ក្លាហាន​ឡើង ក៏​បំបាត់​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ពី​ក្នុង​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ា‌មីន​ទាំង​អស់​ចេញ ហើយ​ពី​អស់​ទាំង​ទី​ក្រុង ដែល​ទ្រង់​ចាប់​យក​បាន នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​ដែរ ទ្រង់​ក៏​រៀប​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​មុខ​បាំង‌សាច​ព្រះ‌វិហារ នៃ​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី​វិញ