២ របាក្សត្រ 15:6-12 KHOV

6 គេ​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ គឺ​នគរ​១​ទាស់​នឹង​នគរ​១ ហើយ​ទី​ក្រុង​១​ទាស់​នឹង​ទី​ក្រុង​១​ទៀត ពី​ព្រោះ​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​ប្រទូស‌រ៉ាយ​ដល់​គេ ដោយ​នូវ​សេចក្ដី​ទំនាស់​គ្រប់​យ៉ាង

7 តែ​ឯ​អ្នក​រាល់​គ្នា ចូរ​ខំ​ប្រឹង​ឡើង កុំ​ឲ្យ​ដៃ​ថយ​កំឡាំង​ឡើយ ពី​ព្រោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់។

8 លុះ​កាល​អេសា​បាន​ឮ​ពាក្យ​ទាំង​នោះ គឺ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​អូដេឌ​ហើយ នោះ​ទ្រង់​មាន​ព្រះ‌ទ័យ​ក្លាហាន​ឡើង ក៏​បំបាត់​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ពី​ក្នុង​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ា‌មីន​ទាំង​អស់​ចេញ ហើយ​ពី​អស់​ទាំង​ទី​ក្រុង ដែល​ទ្រង់​ចាប់​យក​បាន នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​ដែរ ទ្រង់​ក៏​រៀប​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​មុខ​បាំង‌សាច​ព្រះ‌វិហារ នៃ​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី​វិញ

9 រួច​ទ្រង់​ប្រមូល​ពួក​យូដា និង​ពួក​បេន‌យ៉ា‌មីន ព្រម​ទាំង​ពួក​អេប្រា‌អិម ម៉ាន៉ាសេ និង​ស៊ីម្មាន ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រា‌អែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ គង់​នៅ​ជា​មួយ​នឹង​ទ្រង់​ពិត

10 ដូច្នេះ គេ​ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម នៅ​ខែ​ជេស្ឋ ឆ្នាំ​ទី​១៥​ក្នុង​រាជ្យ​អេសា

11 ហើយ​នៅ​ថ្ងៃ​នោះ​ឯង គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ពី​របឹប​ដែល​បាន​នាំ​យក​មក គឺ​គោ​៧​រយ និង​ចៀម​៧​ពាន់

12 គេ​ក៏​ព្រម‌ព្រៀង​គ្នា និង​តាំង​សេចក្ដី​សញ្ញា ឲ្យ​បាន​ខំ​ប្រឹង​ស្វែង​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង