២ របាក្សត្រ 16:1-6 KHOV

1 កាល​ដល់​ឆ្នាំ​ទី​៣៦ ក្នុង​រាជ្យ​អេសា នោះ​ប្អាសា ជា​ស្តេច​អ៊ីស្រា‌អែល ក៏​ឡើង​មក​ទាស់​នឹង​ពួក​យូដា ទ្រង់​សង់​ក្រុង​រ៉ាម៉ា ដើម្បី​ឃាត់​មិន​ឲ្យ​អ្នក​ណា​ចេញ​ចូល​ទៅ​ឯ​អេសា ជា​ស្តេច​យូដា​ឡើយ

2 ដូច្នេះ អេសា​ទ្រង់​យក​ប្រាក់ និង​មាស ចេញ​ពី​ឃ្លាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ពី​ក្នុង​ព្រះ‌រាជ‌ដំណាក់ ផ្ញើ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ឯ​ក្រុង​ដាម៉ាស ដោយ​ព្រះ‌បន្ទូល​ថា

3 ទូល‌បង្គំ និង​ទ្រង់​បាន​ចុះ​សញ្ញា​នឹង​គ្នា​ហើយ ដូច​ជា​បិតា​ទូល‌បង្គំ និង​ព្រះ‌បិតា​នៃ​ទ្រង់​ដែរ ឥឡូវ​នេះ មើល ទូល‌បង្គំ​ផ្ញើ​ប្រាក់ និង​មាស​មក​ថ្វាយ​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ប្អាសា​ជា​ស្តេច​ពួក​អ៊ីស្រា‌អែល​ចេញ ដើម្បី​ឲ្យ​គេ​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅ

4 បេន-ហា‌ដាឌ់​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​មេ​លើ​ពល‌ទ័ព​របស់​ទ្រង់ ឲ្យ​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-ម៉ែម ព្រម​ទាំង​ទី​ក្រុង​ដែល​សំរាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ណែប‌ថាលី​ផង

5 លុះ​កាល​ប្អាសា​បាន​ឮ​ហើយ នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ឈប់​ចោល​ការ​ទាំង​នោះ​ទៅ

6 រួច​ស្តេច​អេសា​ទ្រង់​នាំ​ពួក​យូដា​ទាំង​អស់​ចេញ​ទៅ យក​ថ្ម និង​ឈើ​ទាំង​ប៉ុន្មាន​ពី​រ៉ាម៉ា ដែល​ប្អាសា​កំពុង​តែ​សង់​ទី​ក្រុង​នោះ​ទៅ​សង់​ក្រុង​កេបា និង​មីសប៉ា​វិញ។