២ របាក្សត្រ 16:5-11 KHOV

5 លុះ​កាល​ប្អាសា​បាន​ឮ​ហើយ នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ឈប់​ចោល​ការ​ទាំង​នោះ​ទៅ

6 រួច​ស្តេច​អេសា​ទ្រង់​នាំ​ពួក​យូដា​ទាំង​អស់​ចេញ​ទៅ យក​ថ្ម និង​ឈើ​ទាំង​ប៉ុន្មាន​ពី​រ៉ាម៉ា ដែល​ប្អាសា​កំពុង​តែ​សង់​ទី​ក្រុង​នោះ​ទៅ​សង់​ក្រុង​កេបា និង​មីសប៉ា​វិញ។

7 នៅ​វេលា​នោះ ហាណានី ជា​អ្នក​មើល‌ឆុត លោក​មក​ឯ​អេសា ជា​ស្តេច​យូដា​ទូល​ថា ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល‌ទ័ព​របស់​ស្តេច​ស៊ីរី បាន​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​ទ្រង់​ហើយ

8 ឯ​ពួក​សាសន៍​អេធី‌អូពី និង​ពួក​លីប៊ី តើ​គេ​មិន​មែន​ជា​ពួក​ពល​យ៉ាង​ធំ មាន​ទាំង​រទេះ​ចំបាំង និង​ពល​សេះ​សន្ធឹក​ទេ​ឬ​អី ប៉ុន្តែ​ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​ព្រះ‌ករុណា​វិញ

9 ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ទ្រង់ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់ ហើយ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​ចេះ​តែ​មាន​ចំបាំង​ជានិច្ច

10 នោះ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​អ្នក​មើល‌ឆុត ហើយ​ទ្រង់​ចាប់​ដាក់​គុក ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ អេសា​ក៏​សង្កត់‌សង្កិន​រាស្ត្រ​ខ្លះ​ដែរ។

11 ហើយ​មើល ដំណើរ​ទាំង​ប៉ុន្មាន​ពី​អេសា ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ ដែល​ថ្លែង​ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល​ហើយ