11 ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡា ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
12 រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់សុទ្ធតែទាយល្អ ដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះ ដោយពោលតែសេចក្ដីល្អដែរ
13 តែមីកាយ៉ាឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះនៃខ្ញុំទ្រង់មានព្រះបន្ទូលមក នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះឯង
14 រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានព្រះបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជំនះចុះ ដ្បិតព្រះនឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
15 រួចស្តេចទ្រង់មានព្រះបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យបាននិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា
16 គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលខ្ចាត់ខ្ចាយទៅ នៅលើភ្នំ ប្រៀបដូចជាហ្វូងចៀម ដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅឯផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ
17 ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬអីថា វាមិនដែលទាយល្អពីទូលបង្គំឡើយ គឺទាយតែអាក្រក់ម្យ៉ាងប៉ុណ្ណោះ