3 អ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងយ៉ូសាផាត ជាស្តេចយូដាថា តើទ្រង់ចង់ទៅឯក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ នោះទ្រង់ទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ ហើយរាស្ត្ររបស់ទូលបង្គំ ក៏ដូចជារាស្ត្ររបស់ទ្រង់ដែរ យើងរាល់គ្នានឹងនៅជាមួយនឹងទ្រង់ ក្នុងចំបាំងនេះ។
4 តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន
5 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរា បាន៤០០នាក់ មកសួរគេថា តើត្រូវឲ្យយើងចេញទៅច្បាំង នឹងក្រុងរ៉ាម៉ូត-កាឡាតឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
6 តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី
7 ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានដែរ គឺមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់ជាដរាបវិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នេះឡើយ
8 នោះស្តេចអ៊ីស្រាអែលទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកជាឆាប់ៗ
9 ឯស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លានៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់