3 ប៉ុន្តែឃើញមានសេចក្ដីល្អខ្លះ នៅក្នុងទ្រង់ដែរ ដោយទ្រង់បានបំបាត់រូបព្រះទាំងប៉ុន្មាន ចេញពីស្រុកទៅ ហើយបានតាំងព្រះទ័យស្វែងរកព្រះពិតវិញ។
4 យ៉ូសាផាតទ្រង់គង់នៅក្រុងយេរូសាឡិម ហើយទ្រង់យាងចេញទៅកណ្តាលអស់ទាំងពួកជនម្តងទៀត គឺចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ស្រុកភ្នំអេប្រាអិមនាំគេវិលមកឯព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេវិញ
5 ទ្រង់ក៏តាំងឲ្យមានចៅក្រម នៅក្នុងស្រុក គឺក្នុងគ្រប់ទាំងទីក្រុងមានបន្ទាយរបស់ពួកយូដា
6 ទ្រង់មានព្រះបន្ទូលទៅចៅក្រមទាំងនោះថា ចូរពិចារណាការដែលអ្នករាល់គ្នាធ្វើចុះ ដ្បិតអ្នករាល់គ្នាមិនមែនជំនុំជំរះឲ្យគាប់ចិត្តដល់មនុស្សទេ គឺឲ្យព្រះយេហូវ៉ាបានពេញព្រះហឫទ័យវិញ ហើយទ្រង់ក៏គង់នៅជាមួយនឹងអ្នករាល់គ្នា ក្នុងការជំនុំជំរះនោះដែរ
7 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត្ន ហើយសំរេចការនោះទៅ ដ្បិតគ្មានសេចក្ដីទុច្ចរិតណា នៅនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ ក៏គ្មានសេចក្ដីលំអៀងទៅខាងអ្នកណា ឬស៊ីសំណូកផង។
8 មួយទៀត យ៉ូសាផាតទ្រង់តាំងឲ្យមានពួកលេវី ពួកសង្ឃ និងពួកអ្នកដែលជាកំពូលលើវង្សានុវង្ស នៃសាសន៍អ៊ីស្រាអែលនៅក្រុងយេរូសាឡិម សំរាប់ការវិនិច្ឆ័យនៃព្រះយេហូវ៉ា និងការកាត់រឿងក្តី រួចគេត្រឡប់មកនៅក្រុងយេរូសាឡិមវិញ
9 ទ្រង់ក៏បង្គាប់គេថា គឺយ៉ាងនោះដែលអ្នករាល់គ្នាត្រូវសំរេចការងារ ដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងទៀងទាត់ ហើយដោយចិត្តស្មោះត្រង់