12 ក្នុងសារនោះហ៊ីរ៉ាមមានព្រះបន្ទូលទៀតថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យស្តេចដាវីឌមានព្រះរាជបុត្រាប្រកបដោយប្រាជ្ញា ដំរិះ និងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា និងព្រះរាជវាំងសំរាប់នគរទ្រង់
13 ឥឡូវទូលបង្គំបានឲ្យជាងជំនាញការម្នាក់ឈ្មោះហ៊ីរ៉ាម ជាជាងរបស់បិតាទូលបង្គំ ជាអ្នកប្រកបដោយយោបល់មក
14 គឺជាកូនរបស់ស្រីស្រុកដាន់ម្នាក់ ដែលឪពុកជាអ្នកក្រុងទីរ៉ុស អ្នកនេះជាអ្នកជំនាញក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និងសំពត់ពណ៌ស្វាយ ពណ៌ខៀវ សំពត់ទេសឯកយ៉ាងម៉ដ្ត ហើយនឹងសំពត់ពណ៌ក្រហម ក៏ចេះឆ្លាក់ចំឡាក់គ្រប់ជំពូក ហើយចេះបង្កើតរបស់គ្រប់យ៉ាងដែរ ដើម្បីឲ្យបានធ្វើការ ជាមួយនឹងពួកជាងយ៉ាងជំនាញរបស់ទ្រង់ ហើយនឹងពួកជាងយ៉ាងជំនាញរបស់ដាវីឌ ជាព្រះបិតាទ្រង់ ដែលជាព្រះអម្ចាស់នៃទូលបង្គំផង
15 រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណា ជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ
16 នោះពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅឯក្រុងយេរូសាឡិមចុះ។
17 ដូច្នេះ សាឡូម៉ូនទ្រង់រាប់ពួកសាសន៍ដទៃ ដែលស្នាក់នៅស្រុកអ៊ីស្រាអែលទាំងអស់ តាមបញ្ជីដែលដាវីឌជាព្រះបិតា បានរាប់កំណត់ទុក ឃើញមានចំនួន១សែន៥ម៉ឺន៣ពាន់៦រយនាក់
18 ទ្រង់ក៏ដាក់ឲ្យ៧ម៉ឺននាក់ធ្វើការលីសែង ៨ម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយ៣ពាន់៦រយនាក់ ឲ្យធ្វើជាអ្នកត្រួតត្រាការ។