២ របាក្សត្រ 2:2-8 KHOV

2 រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មនុស្ស​៧​ម៉ឺន​នាក់ សំរាប់​លី‌សែង និង​៨​ម៉ឺន​នាក់ សំរាប់​កាប់​ឈើ​នៅ​ឯ​ភ្នំ ហើយ​៣​ពាន់​៦​រយ​នាក់​សំរាប់​ជា​អ្នក​ត្រួត​លើ​គេ

3 ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស​ថា ពី​ដើម​ទ្រង់​បាន​ផ្ញើ​ឈើ​តាត្រៅ​មក​ថ្វាយ​ដាវីឌ ជា​បិតា​ទូល‌បង្គំ សំរាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ​ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ​ដូច្នោះ​ដែរ

4 មើល ទូល‌បង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ ដើម្បី​ថ្វាយ​ដល់​ទ្រង់​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ទ្រង់ នឹង​ជា​ទី​តម្កល់​នំបុ័ង​តាំង​ទុក​ជានិច្ច ព្រម​ទាំង​ថ្វាយ​ដង្វាយ​ដុត​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ និង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ

5 ឯ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​គិត​ស្អាង នោះ​ធំ​ណាស់ ដ្បិត​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​ទ្រង់​ធំ​ប្រសើរ លើស​ជាង​អស់​ទាំង​ព្រះ

6 ប៉ុន្តែ​តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន ដ្បិត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ដូច្នេះ តើ​ទូល‌បង្គំ​ជា​អ្វី ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន លើក​តែ​ល្មម​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ

7 ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​មក​ជា​អ្នក​ដែល​មាន​ថ្វី‌ដៃ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក​សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ខៀវ ហើយ​ដែល​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ចំពូក​ផង ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ពួក​ជាង​ប៉ិន‌ប្រសប់ ដែល​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទូល‌បង្គំ ជា​ពួក​អ្នក​ដែល​ដាវីឌ​បិតា​ទូល‌បង្គំ​បាន​ផ្គត់‌ផ្គង់

8 សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ឈើ​ច័ន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ដឹង​ថា ពួក​របស់​ទ្រង់​គេ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់ មើល ពួក​ខាង​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​គេ