២ របាក្សត្រ 2:5-11 KHOV

5 ឯ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​គិត​ស្អាង នោះ​ធំ​ណាស់ ដ្បិត​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​ទ្រង់​ធំ​ប្រសើរ លើស​ជាង​អស់​ទាំង​ព្រះ

6 ប៉ុន្តែ​តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន ដ្បិត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ដូច្នេះ តើ​ទូល‌បង្គំ​ជា​អ្វី ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន លើក​តែ​ល្មម​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ

7 ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​មក​ជា​អ្នក​ដែល​មាន​ថ្វី‌ដៃ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក​សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ខៀវ ហើយ​ដែល​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ចំពូក​ផង ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ពួក​ជាង​ប៉ិន‌ប្រសប់ ដែល​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទូល‌បង្គំ ជា​ពួក​អ្នក​ដែល​ដាវីឌ​បិតា​ទូល‌បង្គំ​បាន​ផ្គត់‌ផ្គង់

8 សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ឈើ​ច័ន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ដឹង​ថា ពួក​របស់​ទ្រង់​គេ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់ មើល ពួក​ខាង​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​គេ

9 ដើម្បី​នឹង​ត្រៀម​ឈើ​ទុក​ឲ្យ​ទូល‌បង្គំ​ជា​បរិបូរ ដ្បិត​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បំរុង​នឹង​ស្អាង​នេះ ត្រូវ​តែ​បាន​ធំ​អស្ចារ្យ

10 នោះ​ទូល‌បង្គំ​នឹង​ឲ្យ​ស្រូវ​ភោជ្ជ‌សាលី​បញ្ជាន់​ស្រាប់​២​ម៉ឺន​រង្វាល់ ស្រូវ​ឱក​២​ម៉ឺន​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២​ម៉ឺន​រង្វាល់ និង​ប្រេង​២​ម៉ឺន​រង្វាល់ ដល់​ពួក​ជាង​របស់​ទ្រង់ ដែល​កាប់​ឈើ​នោះ។

11 ដូច្នេះ ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ក៏​ធ្វើ​សារ​ផ្ញើ​មក​ឆ្លើយ​តប​នឹង​សាឡូ‌ម៉ូន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​រាស្ត្រ​របស់​ទ្រង់ បាន​ជា​តាំង​ព្រះ‌ករុណា​ឡើង ជា​ស្តេច​លើ​គេ