២ របាក្សត្រ 2:7-13 KHOV

7 ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​មក​ជា​អ្នក​ដែល​មាន​ថ្វី‌ដៃ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក​សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ខៀវ ហើយ​ដែល​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ចំពូក​ផង ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ពួក​ជាង​ប៉ិន‌ប្រសប់ ដែល​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទូល‌បង្គំ ជា​ពួក​អ្នក​ដែល​ដាវីឌ​បិតា​ទូល‌បង្គំ​បាន​ផ្គត់‌ផ្គង់

8 សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ឈើ​ច័ន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ដឹង​ថា ពួក​របស់​ទ្រង់​គេ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់ មើល ពួក​ខាង​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​គេ

9 ដើម្បី​នឹង​ត្រៀម​ឈើ​ទុក​ឲ្យ​ទូល‌បង្គំ​ជា​បរិបូរ ដ្បិត​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បំរុង​នឹង​ស្អាង​នេះ ត្រូវ​តែ​បាន​ធំ​អស្ចារ្យ

10 នោះ​ទូល‌បង្គំ​នឹង​ឲ្យ​ស្រូវ​ភោជ្ជ‌សាលី​បញ្ជាន់​ស្រាប់​២​ម៉ឺន​រង្វាល់ ស្រូវ​ឱក​២​ម៉ឺន​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២​ម៉ឺន​រង្វាល់ និង​ប្រេង​២​ម៉ឺន​រង្វាល់ ដល់​ពួក​ជាង​របស់​ទ្រង់ ដែល​កាប់​ឈើ​នោះ។

11 ដូច្នេះ ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ក៏​ធ្វើ​សារ​ផ្ញើ​មក​ឆ្លើយ​តប​នឹង​សាឡូ‌ម៉ូន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​រាស្ត្រ​របស់​ទ្រង់ បាន​ជា​តាំង​ព្រះ‌ករុណា​ឡើង ជា​ស្តេច​លើ​គេ

12 ក្នុង​សារ​នោះ​ហ៊ីរ៉ាម​មាន​ព្រះ‌បន្ទូល​ទៀត​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​បាន​ព្រះ‌ពរ គឺ​ជា​ព្រះ​ដែល​បាន​ប្រទាន ឲ្យ​ស្តេច​ដាវីឌ​មាន​ព្រះ‌រាជ‌បុត្រា​ប្រកប​ដោយ​ប្រាជ្ញា ដំរិះ និង​យោបល់ អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់

13 ឥឡូវ​ទូល‌បង្គំ​បាន​ឲ្យ​ជាង​ជំនាញ​ការ​ម្នាក់​ឈ្មោះ​ហ៊ីរ៉ាម ជា​ជាង​របស់​បិតា​ទូល‌បង្គំ ជា​អ្នក​ប្រកប​ដោយ​យោបល់​មក