12 ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់កាត់ទោសដល់គេ ពីព្រោះខ្ញុំរាល់គ្នាគ្មានកំឡាំង នឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ
13 ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ និងប្រពន្ធហើយក្មេងៗនៅជាមួយផង។
14 គ្រានោះ យ៉ាហាសៀល ជាកូនសាការី ដែលជាកូនបេនណាយ៉ាៗជាកូនយីអែលៗជាកូនម៉ាថានា ដែលជាពួកលេវី ខាងពួកកូនចៅអេសាភ លោកនៅកណ្តាលពួកជំនុំ ហើយព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើលោក
15 រួចលោកពោលថា ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយ៉ូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្ត ដោយព្រោះពួកធំទាំងម៉្លេះនេះដែរ ដ្បិតចំបាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះវិញ
16 ស្អែកឡើង ចូរអ្នករាល់គ្នាចុះទៅទាស់នឹងគេចុះ មើល គេកំពុងតែឡើងមកតាមផ្លូវភ្នំស៊ីស អ្នករាល់គ្នានឹងជួបគេនៅចុងច្រកភ្នំ ទល់មុខនឹងទីរហោស្ថានយេរួល
17 អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចំបាំងនេះទេ ឲ្យគ្រាន់តែដំរៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងអ្នករាល់គ្នាហើយ
18 នោះយ៉ូសាផាតទ្រង់ក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ