18 នោះយ៉ូសាផាតទ្រង់ក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ
19 ឯពួកលេវី ខាងពួកកូនចៅកេហាត់ និងពួកកូនចៅកូរេ គេឈរឡើង សរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដោយសំឡេងយ៉ាងខ្លាំងក្រៃលែង។
20 ស្អែកឡើងគេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានព្រះបន្ទូលថា ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចំរើន
21 រួចកាលទ្រង់បានពិគ្រោះនឹងបណ្តាជនហើយ នោះទ្រង់ក៏ដំរូវឲ្យមានពួកអ្នក ដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសទ្រង់នៅជាប់អស់កល្បជានិច្ច
22 ដូច្នេះ កាលគេចាប់តាំងច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់
23 ដ្បិតពួកកូនចៅអាំម៉ូន និងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីងទៅ រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។
24 ដូច្នេះ កាលពួកយូដាមកដល់ប៉មចាំយាម នៅត្រង់ទីរហោស្ថាន នោះគេក្រឡេកមើលទៅពួកធំនោះ ក៏ឃើញគេសុទ្ធតែជាខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ