5 រីឯយ៉ូសាផាត ទ្រង់ឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំមុខទីលានថ្មី នៅកណ្តាលជំនុំពួកយូដា និងពួកក្រុងយេរូសាឡិម ទូលថា
6 ឱព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនមែនជាព្រះនៅស្ថានសួគ៌ទេឬអី តើទ្រង់មិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬអី ហើយនៅព្រះហស្តទ្រង់ នោះក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងទ្រង់បានឡើយ
7 ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនបានបណ្តេញពួកអ្នកស្រុកនេះពីមុខពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ចេញ ហើយប្រទានដល់ពូជពង្សរបស់លោកអ័ប្រាហាំ ជាមិត្រសំឡាញ់ទ្រង់ ជាដរាបតទៅទេឬអី
8 គេបានអាស្រ័យនៅ ហើយក៏បានស្អាងទីបរិសុទ្ធនៅស្រុកនេះ សំរាប់ព្រះនាមទ្រង់ ដោយពាក្យថា
9 បើសិនជាមានសេចក្ដីអាក្រក់ណា មកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី បើយើងរាល់គ្នានឹងឈរនៅមុខព្រះវិហារនេះ ហើយនៅចំពោះទ្រង់ (ដ្បិតព្រះនាមទ្រង់នៅក្នុងព្រះវិហារនេះ) ហើយយើងរាល់គ្នាអំពាវនាវដល់ទ្រង់ ក្នុងសេចក្ដីវេទនារបស់យើង នោះទ្រង់នឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង
10 ឥឡូវនេះ មើល មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលទ្រង់មិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
11 សូមមើលបែបយ៉ាងណាដែលគេសងគុណ ដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ទ្រង់ ដែលទ្រង់បានប្រទានមក ទុកជាមរដកដល់យើងខ្ញុំ