២ របាក្សត្រ 20:7-13 KHOV

7 ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្រ​សំឡាញ់​ទ្រង់ ជា​ដរាប​ត​ទៅ​ទេ​ឬ​អី

8 គេ​បាន​អាស្រ័យ​នៅ ហើយ​ក៏​បាន​ស្អាង​ទី​បរិសុទ្ធ​នៅ​ស្រុក​នេះ សំរាប់​ព្រះ‌នាម​ទ្រង់ ដោយ​ពាក្យ​ថា

9 បើ‌សិន​ជា​មាន​សេចក្ដី​អាក្រក់​ណា មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្ន‌រោគ ឬ​អំណត់​ក្តី បើ​យើង​រាល់​គ្នា​នឹង​ឈរ​នៅ​មុខ​ព្រះ‌វិហារ​នេះ ហើយ​នៅ​ចំពោះ​ទ្រង់ (ដ្បិត​ព្រះ‌នាម​ទ្រង់​នៅ​ក្នុង​ព្រះ‌វិហារ​នេះ) ហើយ​យើង​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ក្នុង​សេចក្ដី​វេទនា​របស់​យើង នោះ​ទ្រង់​នឹង​ព្រម​ទទួល ហើយ​នឹង​ជួយ​សង្គ្រោះ​យើង

10 ឥឡូវ​នេះ មើល មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​ទ្រង់​មិន​បើក​ឲ្យ​អ៊ីស្រា‌អែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ

11 សូម​មើល​បែប​យ៉ាង​ណា​ដែល​គេ​សង​គុណ ដល់​យើង​ខ្ញុំ​រាល់​គ្នា គឺ​គេ​មក​ចង់​បណ្តេញ​យើង​ខ្ញុំ​រាល់​គ្នា ចេញ​ពី​កេរ‌អាករ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​មក ទុក​ជា​មរដក​ដល់​យើង​ខ្ញុំ

12 ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេ ពី​ព្រោះ​ខ្ញុំ​រាល់​គ្នា​គ្មាន​កំឡាំង នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​រាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែ​ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ

13 ពួក​យូដា​ទាំង​អស់​គ្នា​ក៏​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មាន​ទាំង​កូន​តូចៗ និង​ប្រពន្ធ​ហើយ​ក្មេងៗ​នៅ​ជា​មួយ​ផង។