1 ឯយ៉ូសាផាត ទ្រង់ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ គេបញ្ចុះសព នៅជាមួយនឹងពួកអយ្យកោទ្រង់ នៅក្នុងក្រុងដាវីឌ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
2 យ៉ូរ៉ាមមានកនិដ្ឋា ជាបុត្រារបស់យ៉ូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល និងសេផាធា នេះសុទ្ធតែជាបុត្រារបស់យ៉ូសាផាត ស្តេចសាសន៍អ៊ីស្រាអែល
3 ព្រះបិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើន ដល់បុត្រទាំងនោះ គឺប្រាក់ មាស និងរបស់មានដំឡៃ ព្រមទាំងទីក្រុងមានបន្ទាយ នៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យ៉ូរ៉ាមវិញ ពីព្រោះទ្រង់ជាព្រះរាជបុត្រច្បង
4 កាលយ៉ូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់ព្រះបិតា ហើយមានអំណាចចំរើនឡើង នោះទ្រង់ក៏សំឡាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួកដែលជាប្រធាន ក្នុងសាសន៍អ៊ីស្រាអែល ជាច្រើនដែរ