២ របាក្សត្រ 21:9-15 KHOV

9 នោះ​ទ្រង់​យាង​ឆ្លង​ទៅ​ឯ​គេ មាន​ទាំង​ពួក​មេ‌ទ័ព និង​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង ទ្រង់​ក្រោក​ឡើង​ទាំង​យប់​ទៅ​វាយ​ពល‌ទ័ព និង​ពួក​មេ​រទេះ​ចំបាំង​របស់​សាសន៍​អេដំម ដែល​បាន​មក​ឡោម‌ព័ទ្ធ​ទ្រង់​នោះ

10 ប៉ុន្តែ​សាសន៍​អេដំម​បាន​បះ‌បោរ ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គ្រា​នោះ ពួក​ក្រុង​លិបណា ក៏​បះ‌បោរ​ដក​ខ្លួន ពី​ក្រោម​អំណាច​ទ្រង់​ដែរ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់

11 មួយ​ទៀត​ទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់ នៅ​ភ្នំ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​បាន​បណ្តាល​ឲ្យ​ពួក​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ព្រម​ទាំង​ប្រទាញ​នាំ​ពួក​យូដា​ឲ្យ​វង្វេង​ដែរ។

12 នោះ​មាន​សំបុត្រ​មក​ពី​ហោរា​អេលីយ៉ា​ដល់​ទ្រង់​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ ព្រះ‌បិតា​ទ្រង់ បាន​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ទ្រង់​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យ៉ូសា‌ផាត ជា​ព្រះ‌បិតា​ទ្រង់ និង​ផ្លូវ​របស់​អេសា ជា​ស្តេច​យូដា

13 គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​ព្រះ‌បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង

14 នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង​ព្រម​ទាំង​ពួក​បុត្រ និង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​នៃ​ទ្រង់​ផង

15 ឯ​ទ្រង់ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទំងន់ ឈឺ​រាល់​តែ​ថ្ងៃ ដរាប​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ។